ស្នេហាខ្ញុំមិនដូចរឿងនិទាន

tumblr_nbouevZuqZ1rgi3e0o3_1280

ស្នេហាខ្ញុំមិនដូចរឿងនិទាន!​ រឿងនិទានដែលមនុស្សម្នាក់ស្រលាញ់មនុស្សម្នាក់ទៀតយ៉ាងស្មោះស្ម័គ្រ​ ហើយចុងបញ្ចប់បែកគ្នាដោយសារគ្រួសារ ឬដោយសារគេចវេសពីសង្គមដ៏ពោរពេញដោយភាពរើសអើងមួយនេះ។​ ស្រលាញ់គ្នាដើម្បី​​​បែក នេះឬស្នេហាខ្ញុំ?

ខ្ញុំមិនមែនជាមនុស្សល្អ ទីបំផុត​​​មនុស្ស​​​ដែល​​​ខ្ញុំស្រលាញ់​​​ក៏មិន​​​មែន​​​ជា​​​មនុស្ស​​​ល្អដែរ។ យើង​​​គិត​​​ថា​​​និស្ស​​័យ​​​ពិតជាមាន។ មកពីនិស្ស័យ ឬមកពីស្នេហាភ្លើងចំបើង ឬមកពីភ្លើងតណ្ហាដែល​​​បណ្ដាលឲ្យ​​​យើង​​​បន្ត​​​ស្នេហា​​​ដ៏​​​គ្រោតគ្រាត​​​មួយនេះ​​​បាន​​​យូរ​​​ដល់​​​ម្លឹង? រយៈពេល​​​ជិត​​​ ៣ឆ្នាំ​​​មកហើយដែល​​​យើង​​​ស្រលាញ់ (?) គ្នា ឈ្លោះគ្នា បែកពីគ្នា​​​ ហើយក៏ជួបគ្នាវិញ។ បែបមិនខុសពីប្ដីប្រពន្ធជាច្រើននៅលើលោកនេះទេ តែងតែមាន​​​គ្រួសារដែល​​​ប្ដី​​​ទៅរកក្រៅ ទុក​​​ប្រពន្ធឲ្យនៅម្នាក់ឯង ឬប្ដីទៅធ្វើការងារនៅខេត្ត ទុកឲ្យប្រពន្ធនៅផ្ទះម្នាក់ឯង។ មិន​​​ថា​​​គេទៅរកក្រៅ ឬមិនថា​​​គេទៅធ្វើការនៅខេត្តនោះទេ ការនឹករលឹកនៅតែជារបួស​​​មិន​​​ជាសះមួយដែល​​​តែង​​​តែ​​​បង្កការឈឺចាប់​​​នៅពេល​​​យើង​​​ប៉ះវា។ ឬវា​​​ប្រៀបបីដូចជា​​​រងើកភ្លើង​​​ដែល​​​មិន​​​ចេះ​​​រលត់ ប៉ះពេលណា​​​រលាកពេលនោះ។ ស្នេហាក៏ដូចគ្នា។ មិនមែន​​​បានន័យថា​​​ស្រលាញ់គ្នាយើងនឹង​​​មាន​​​ក្ដីសុខ ហើយអាច​​​រស់​​​នៅជាមួយគ្នាគ្រប់ពេលវេលានោះទេ។ ការ​​​ស្រលាញ់​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​នឹក ការ​​​នឹក​​​ នឹក​​​រហូត​​​មិន​​​បាន​​​ជួប​​​ក៏​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ឈឺចាប់។ រីឯការ​​​ឈឺចាប់​​​ច្រើន​​​លើសលប់​​​ពេក ដោយពេលវេលាចេះតែទៅមុខ បេះដូងចេះតែឈឺ មនុស្ស​​​ដែល​​​ចង់​​​ជួប​​​តែមិនអាចជួប។ រឿង​​​បែបនេះ​​​ក៏​​​ចេះតែបន្តទៅមុខ​​​រហូត​​​ដល់​​​ថ្ងៃមួយដែល​​​ម្ចាស់​​​បេះដូង​​​ស្រែកថា ឈប់ទៅ ខ្ញុំហត់ណាស់ ខ្ញុំទៅមុខលែងរួចហើយ។ ខ្ញុំចប់ឈប់។

ខ្ញុំ​​​មាន​​​ពាក្យ​​​មួយឃ្លាដែល​​​ខ្ញុំ​​​តែង​​​តែ​​​ទន្ទេញ​​​ប្រាប់​​​ខ្លួនឯង រំលឹកខ្លួនឯងថា “លើលោកនេះគ្មាន​​​អ្នកណាល្អឥតខ្ចោះនោះទេ លើលោកនេះគ្មានមនុស្សស្មោះទេ បើ​​​ទោះជាបែកពីគេម្នាក់នោះ ក៏​​​មិន​​​ប្រាកដថា​​​ម្នាក់​​​ថ្មីទៀត​​​នឹង​​​ល្អជាង​​​ម្នាក់នេះដែរ”។ ដោយសារពាក្យនេះ ខ្ញុំនៅតែបន្តទទួលការឈឺចាប់។ ដោយសារពាក្យនេះ ខ្ញុំបណ្ដោយឲ្យខ្លួនឯង​​​ឃើញ​​​នូវ​​​អ្វីដែលខ្លួនឯងមិនចង់ឃើញ​​​រហូតដល់រយៈជិតបីឆ្នាំមកហើយ។ សួរខ្លួនឯងថា តើ​​​ហ្គេយ៍ពិត​​​ជា​​​មិន​​​អាច​​​រស់​​​នៅជាមួយគ្នាបានមែនទេ? បើ​​​ដូច​​​ភាពយន្ត ឬប្រលោមលោក​​​ដែល​​​តំរូវឲ្យតួហ្គេយ៍ត្រូវស្លាប់ តែស្លាប់ទាំងអ្នកទាំងពីរស្រលាញ់គ្នានោះ ខ្ញំុសុខចិត្តស្លាប់។ ចំលើយនេះល្ងង់ណាស់។ តែកាន់តែល្ងង់ថែមទៀត គឺទៅរស់នៅក្នុងជីវភាពមួយទៀតដែល​​​មនុស្សគ្រប់គ្នា​​​លើលោក​​​ដើរតាមរហូតមក រស់នៅ រៀបការ មាន​​​កូន។ រឿងទាំងនេះខ្ញុំអាចធ្វើបាន តែខ្ញុំប្រាកដជាមិន​​​សប្បាយចិត្តនោះទេ។ បោក​​​ប្រាស់​​​មនុស្ស​​​ស្រីម្នាក់​​​ថា​​​យើង​​​ស្រលាញ់គេ សប្បាយចិត្តណាស់មែនទេ?

សំណេរដ៏វែង ពេញដោយបញ្ហាច្រើនជំពូក​​​មិន​​​ប្រាកដថា​​​មួយណាជាមួយណា គ្រាន់តែជា​​​អារម្មណ៍ដ៏ច្របូកច្របល់របស់ខ្ញុំពេលនេះប៉ុណ្ណោះ។ ខ្ញុំចង់ឲ្យស្នេហាខ្ញូំដូចក្នុងភាពយន្ត។ មនុស្សពីរនាក់ស្រលាញ់គ្នា រស់នៅជាមួយគ្នាក្បែរមាត់សមុទ្ទ ឬនៅលើដីចំការមួយ។ ព្រឹកទៅធ្វើការ ញំុាបាយជាមួយមនុស្សដែលខ្លួនស្រលាញ់។ ល្ងាចមកពីធ្វើការវិញ ខ្ញូំឬគេធ្វើអាហាររួមគ្នា។ បោកខោអាវជាមួយគ្នា ហាលខោអាវជាមួយគ្នា។ មុនគេង​​​យើងអានសៀវភៅ​​​ ហើយក៏គេងជាមួយគ្នា រួមរ័ក្សដូចប្ដីប្រពន្ធ គេងអោបគ្នាដោយភាពកក់ក្ដៅ។ ឆុងកាហ្វេ អានសៀវភៅ មើលរឿងខ្មោច ឬរឿងស្នេហាជាមួយគ្នានៅចុងសប្ដាហ៍។ ដើរកម្សាន្តពីរអាទិត្រ ឬមួួយខែម្ដង។ ពេលឈឺមានអ្នកមើលថែ ពេល​​​ឡើងដំណែងមុខងារថ្មី យើងមនុស្សដែលអាចសប្បាយជាមួយគ្នា។ ពេល​​​កើតទុក្ខមានអ្នកនៅក្បែរជួយគ្នាទៅវិញទៅមក។ ពីរមួយឆ្នាំទៅមួយឆ្នាំ យើង​​​ចាស់ជាមួយគ្នា។ មាន​​​ចាំបានទេ ដែល​​​យើង​​​សន្យាថា​​​យើង​​​នឹង​​​ធ្វើកិច្ចការសង្គមរួមគ្នា? បង​​​ចង់​​​បង្រៀន​​​ក្មេងៗជំនាន់ក្រោយ​​​ពីជំនាញរបស់របស់។ ខ្ញុំចង់​​​បង្រៀនភាសាអង់គ្លេសឲ្យក្មេងៗក្នុងភូមិ។ យើង​​​ចង់​​​បង្កើត​​​ហាងកាហ្វេតូចមួយ ដែល​​​មាន​​​ដេគ័រ​​​ដូច​​​អាហារដ្ឋានបារាំង មាន​​​ពោរពេញដោយសៀវភៅសំរាប់អាន។ យើង​​​ចង់​​​ដាំដើមឈើ​​​ឲ្យ​​​ច្រើន​​​នៅជំុវិញ​​​ដីរបស់យើង។ បង​​​ចង់​​​មាន​​​ចំការ​​​មួយ​​​នៅ​​​ក្រោយ​​​ផ្ទះ។ យើង​​​ចង់​​​ទៅ​​​បង្រៀន​​​ក្មេងៗ​​​នៅ​​​មណ្ឌល និង​​​ឧបត្ថម្ភដល់ពួកគេរហូតដល់ពួកគេធំ រៀនចប់។ ក្ដីស្រម៉ៃ ក្ដីស្រម៉ៃដ៏ច្រើន តែ​​ក្ដីស្រម៉ៃទាំងនេះកំពុងលិចលង់បាត់ទៅដោយសារ​​​ទង្វើររបស់យើង​​​សព្វថ្ងៃ។ ចង់​​​ប្រាប់បងថា ហេតុអ្វីគ្រាន់តែក្ដីស្រម៉ៃ​​​ដ៏គួរឲ្យស្រលាញ់​​​របស់​​​យើង​​​ បែរ​​​ជា​​​ហាក់​​​យូរ​​​ វែង​​​ឆ្ងាយ និង​​​មិន​​​អាច​​​ទៅដល់បែបនេះ?

បង​​​ជា​​​មនុស្ស​​​រូមេនទិក សង្ហារ ខ្ពស់ គួរឲ្យស្រលាញ់ តែ​​​ទីបំផុត​​​របស់ទាំងនេះ​​​មិន​​​អាច​​​ជួួយឲ្យ​​​មនុស្ស​​​ម្នាក់​​​ទៀត​​​សប្បាយចិត្ត​​​បាននោះទេ។ វាកាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ម្នាក់ទៀត​​​ពិបាកចិត្ត។ គេ​​​មិន​​​អាច​​​បែងចែក​​​បាន​​​ថា តើ​​​ស្នេហា​​​ដែល​​​គេកំពុង​​​មាន​​​សព្វ​​​ថ្ងៃ​​​ជា​​​ស្នេហា​​​ពិត ឬគ្រាន់តែជាឧបករណ៍កំដរ​​​បងនៅពេល​​​បង​​​ត្រូវការ​​​?

តើស្នេហា​​​ដែល​​​មនុស្ស​​​ម្នាក់​​​ៗ​​​ស្រម៉ៃ​​​នោះ អាច​​​ក្លាយជាការ​​​ពិត​​​ដែរឬទេ? បើ​​​ស្នេហា​​​លើលោក​​​នេះ​​​ពិ​​​តជា​​​ល្អ​​​ស្រស់​​​ស្អា​​​តដូចក្នុងប្រលោមលោក ឬភាពយន្តមែននោះ តើ​​​អាច​​​ប្រាប់​​​ខ្ញុំផងបានទេ? ប្រាប់ផង​​​ថា​​​អ្នក​​​កំពុង​​​តែ​​​មាន​​​ស្នេហា​​​ប្រភេទនេះ។ ខ្ញុំចង់មានកំលាំងចិត្ត ខ្ញំុចង់ដើរទៅមុខទៀត។ ខ្ញុំចង់​​​នៅតែបន្តជឿថា​​​ស្នេហា​​​ពិត​​​លើ​​​លោក​​​ពិត​​​ជា​​​មាន​​​មែន។ ព្រោះពេលនេះ…ពេលនេះខ្ញំុពិត​​​ជ​​​ាហត់ណាស់…ពេល​​​នេះខ្ញុំ​​​ត្រូវការ​​​កំលាំងចិត្ត ត្រូវ​​​ការ​​​មិត្ត​​​ម្នាក់​​​ដែល​​​អាច​​​ស្ដាប់​​​រឿង​​​ខ្ញូំ​​​ហើយ​​​ប្រាប់​​​ខ្ញុំថា តស៊ូឡើង ហើយខ្ញំុនឹងគេនឹង​​​អាច​​​នៅជាមួយគ្នា​​​បាន​​​រហូត។

“សន្យាណា ថា​​​យើង​​​នឹង​​​នៅជាមួយគ្នារហូត…” 😦

“សន្យាណា…” 😥

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s