Gloria Jean’s Coffee & Ma Gay Life

FullSizeRender.jpg

រាល់ថ្ងៃសៅរ៍អាទិត្រ នៅទីក្រុងភ្នំពេញ ជាពេលដែលគួរឲ្យធុញទ្រាន់បំផុត។ គ្មានកន្លែងដែលអាចទៅបាននៅក្នុងក្រុង។ ទីដែលអាចសម្រាកបាន ជាមួយធម្មជាតិ និងអារម្មណ៍រ៉ូមេនទិកដើម្បីសរសេររឿងក៏គ្មាន។ បើចង់បានការកម្សាន្តជាមួយធម្មជាតិ មានតែទៅក្រៅទីក្រុង។ ហេតុនេះហើយបានជាខ្ញុំជ្រើសរើសយកការអង្គុយសម្រាក លេងហ្វេសប៊ុក ឬអានសៀវភៅនៅ Gloria Jean’s Coffee បឹងកេងកងជាញឹកញាប់នៅថ្ងៃចុងសប្ដាហ៍។ ក្លឹនកាហ្វេដ៏ឈ្ងុយឈ្ងប់ រសជាតិស្រាលៗនៃកាហ្វេមកពីប្រទេសកូស្ដារីកា និងតន្ត្រីកំដរអារម្មណ៍បែបអន្លង់អន្លោច ជាអ្វីដែលទាក់ទាញចិត្តខ្ញុំជាទីបំផុត។ ម្យ៉ាង ខ្ញុំមកទីនេះរហូតដល់អ្នកលក់កម្លោះសង្ហារម្នាក់នៅទីនេះស្គាល់ឈ្មោះ និយាយរាក់ទាក់ជាមួយខ្ញុំយ៉ាងស្និទ្ធិស្នាលទៅហើយ។

នៅទីនេះខ្ញុំចូលចិត្តអង្គុយនៅខាងក្រោយ ជាកន្លែងដែលខ្ញុំអាចអង្គុយផ្អែកលើកៅអីពូកយ៉ាងស្ងប់សុខក្នុងផ្លូវអារម្មណ៍ជាទីបំផុត ដោយមិនរងការរំខានពីសម្លេងអ្នកជិតខាង។ ទីនេះហើយ ដែលខ្ញុំមនោសញ្ចេតនាហូរចេញពីអារម្មណ៍មកដល់ចុងម្រាមដៃដើម្បីចុចលើកំព្យូទ័រ Mac របស់ខ្ញុំ ហើយក៏ចេញជាពាក្យពេចន៍ឃ្លោងឃ្លាបែបរាយមាយយ៉ាងនេះ។

អ្វីដែលខ្ញុំចូលចិត្ត GloriaJean’s Coffee បំផុតគឺ អ្នកលក់សង្ហារ ហើយសេវាកម្មក៏ល្អ។ ខ្ញុំចូលចិត្តកែវបែបឃ្យូតៗ កំប៉ោងៗធំៗ មើលទៅសម្បើមសមនឹងម្រាមដៃស្រឡូនវែងរបស់ខ្ញុំពេលចាប់កាន់ម្ដងៗ ហាក់ពេញដៃល្អណាស់។ នេះប្រហែលមកពីខ្ញុំចូលចិត្តកាន់អ្វីឲ្យពេញៗដៃហើយមើលទៅ :p (និយាយលេងទេណា៎)។ ហាមគិតអីអាក្រក់ៗមកលើ ក្មេងតូចណា!⁣

អ្វីដែលខ្ញុំចូលចិត្តបន្ទាប់នោះគឺ អ្នកដែលមកទីនេះភាគច្រើន (ពិសេសបុរសៗក្មេងៗ) មិនសូវមាត់កអឺងកងនោះទេ។ នេះទាំងស្អាត ទាំងមាយាទល្អ បានទាំងព្រមតែម្ដង។ អ្នកនិពន្ធតូច បានតែលួចមើលគេប៉ុណ្ណោះឯង ក្រាស់គេច្រើនអ្នកហើយ តែមិនឃើញបានផលអីសោះ។ នេះប្រឹងមើលគេរាប់ឆ្នាំហើយ ឡើងចង់លៀនភ្នែកហើយ អ្នកនិពន្ធតូច នៅតែឯការដដែល។ ឬប្រហែល អ្នកនិពន្ធតូចនេះ ត្រូវបណ្ដាសារទេពហ្គេយ៍ណាឲ្យ មនុស្សឯការម្នាក់នេះក្លាយជាមនុស្ស invisible (កំបាំងកាយ) ទេដឹង បានជាគ្មានអ្នកណាមើលឃើញយើងសោះ។ 😦 ខូចចិត្ត!

បានហើយ! អ្វីដែលខ្ញុំចូលចិត្តគឺប៉ុណ្ណឹងឯង! សាមញ្ញៗ ស្អាតៗ ស្ងប់ស្ងាត់ និងរ៉ូមេនទិក…ហើយសង្ឃឹមថា ថ្ងៃណាមួយ ទេពហ្គេយ៍ និងដោះបណ្ដាសារចេញពី អ្នកនិពន្ធតូច ម្នាក់នេះផងទៅចុះ។ សាធុ! សាធុ!

Advertisements